ប្រាសាទបន្ទាយឆ្មារ

នៅតែ​ជា​បេក្ខភាព​ត្រៀម​ចូល ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នាពេលខាងមុខ ដែល​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ខិតខំ​ប្រឹងប្រែង​អភិរក្ស និង​អភិវឌ្ឍន៍​ប្រាសាទ និង​តំបន់​ជុំវិញ​ប្រាសាទ​នេះ​។​ ​នេះ​ជាការ​អះអាង​មួយ ក្នុង​កិច្ចពិភាក្សា រវាង​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ និង អភិបាលខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅឯ​សាលា ខេត្ត​បន្ទាយមានជ័យ​។​

លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ បាន​មាន ប្រសាសន៍ថា កម្ពុជា ប្តេជ្ញា​នឹង​ខិតខំ​អភិរក្ស និង​អភិវឌ្ឍន៍ ប្រាសាទបន្ទាយឆ្មារឲ្យបាន​សះស្បើយ ពី​ការបែកបាក់ ដួលរលំ ដោយ​ផ្នែកៗ នៃ​ប្រាសាទបន្ទាយឆ្មារ​ឡើងវិញ ដើម្បី​គាំពារ​និង​អភិរក្ស​ប្រាសាទ​បូរាណ ជា​ស្នា​ព្រះ​ហ​ស្តរបស់​ព្រះបាទ​ជយវរ្ម័ន​ទី​៧ ចុង សតវត្សរ៍​ទី ១២ -​ដើម​សតវត្សរ៍​ទី​១៣ ដែល​ទ្រង់​កសាង​ឧទ្ទិស​ថ្វាយ ព្រះរាជបុត្រ​សំណព្វ ស្រី​ន្ទ្រ​កុមារ និង​សេនា​ជំនិត​រូបនេះ​។​ ​លោកស្រី​រដ្ឋមន្ត្រី បាន​បន្តថា​: ឯ​អង្គការ​យូ​នី​ស្កូ ក៏​ចាត់ទុក​ប្រាសាទបន្ទាយឆ្មារ ជា​ប្រាសាទអង្គរវត្ត​មួយ នៅ​តំបន់​ភាគ​ខាងលិច ក្នុង​ខេត្ត​នេះ ហើយ​ខិតខំ ដើម្បី​បានដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នាពេលខាងមុខ​។​

ឯ​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថា អាជ្ញាធរខេត្ត​បន្ទាយមានជ័យ បាន​យក​លំនាំ​រូប​អវតា​លោ​កិ​ស្វរៈ ព្រះ​ហ​ស្ត ៣១ ពី​ជញ្ជាំង​ខាងលិច ប្រាសាទបន្ទាយឆ្មារ ជា​និមិត្តរូប​ខេត្ត និង​បាន​យកចិត្តទុកដាក់ ដោយ​ចាត់ទុក​ប្រាសាទ​នេះ ធំជាងគេ ល្បី​ជាងគេ និង​ពង្រីក​ការទាក់ទាញ​អ្នកទេសចរ ឲ្យ​មក​ទស្សនា​កាន់តែ​ច្រើនជាង​គេ ក្នុងចំណោម​ប្រាសាទ ទួលប្រាសាទ និង​ទួល​បុរាណ ជាង ៣០០ កន្លែង នៅក្នុង​ខេត្តបន្ទាយមានជ័យ​នេះ​។​ ​ទាក់ទិន​នឹង​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​ប្រាសាទបន្ទាយឆ្មារ​នេះ មន្ត្រី​មូលដ្ឋាន បាន​ឲ្យ​ដឹងថា​: នៅ​រដូវប្រាំង​នេះ ក្នុងមួយខែៗ មាន​ភ្ញៀវទេសចរ​បរទេស ទៅ​ទស្សនា​ប្រាសាទ​នេះ ពី ១៥០ ទៅ ២០០ នាក់ ប៉ុណ្ណោះ​៕

Popular Posts